នីតិវិធី និងគោលបំណងនៃ​សកម្មភាពសិក្សា

សង្កប្ប រៀន អនឡាញ

លទ្ធផលនៃការវាយតម្លៃថ្នាក់ជាតិបង្ហាញថា កុមារជាងពាក់កណ្ដាលដែលចូលរួមក្នុងការវាយតម្លៃពុំមាន​ចំណេះដឹងពាក្យទាំងការអាន ការសរសេរ និងការប្រើប្រាស់ ដូចការរំពឹងទុក្នុងស្ដង់ដាកម្មវិធីសិក្សានោះទេ។ លទ្ធផលមិនគួរជាទីគាប់ចិត្តនេះបណ្ដាលមកពីហេតុច្រើន។ ហេតុមួយនៃហេតុនានាគឺគ្រូ និងកុមារ​​ពុំមានឯកសារសម្រាប់បង្រៀន និងរៀនភាសាឱ្យបានគ្រប់គ្រាន់។ ក្រុមហ៊ុនបោះពុម្ពសង្កប្ប អនុវត្តន៍ បានបង្កើតគេហទំព័រសម្រាប់ធ្វើកិច្ចការបង្រៀនរបស់គ្រូ និងរៀនរបស់កុមារ កាន់តែងាយស្រួល ពាក់ព័ន្ធនឹង​ការអាន សរសេរ និងប្រើប្រាស់ពាក្យ​។ គ្រប់សកម្មភាពត្រូវបានរៀបចំដើម្បីពង្រឹងចំណេះដឹងភាសាផង និងបំណិនត្រិះរិះពិចារណា​របស់កុមារផង។

គេហទំព័រសង្កប្បមានបីផ្នែកសំខាន់ៗ រៀន វិភាគ និងវាយតម្លៃ

 

I.   រៀន

នេះជាទំព័រសម្រាប់គ្រូ ឬអាណាព្យាបាលកំណត់សកម្មភាពដែលកុមារត្រូវធ្វើ។ គ្រូ ឬអាណាព្យបាលអាចរើសមុខវិជ្ជា ថ្នាក់ និងមេរៀនសម្រាប់កុមាររៀន។ ការរៀននឹងទទួលបានលទ្ធផលច្រើន ប្រសិនបើវាស្របគ្នាទៅនឹងមុខវិជ្ជា ថ្នាក់ និងមេរៀន ដែលកុមារកំពុងតែរៀនជាមួយគ្រូនៅសាលា។​ សកម្មភាពទាំងនេះត្រូវ​បានរៀបចំជាសកម្មភាពបន្ថែមសម្រាប់កុមារហ្វឹកហាត់រៀនអាន សរសេរ និងប្រើប្រាស់ពាក្យ ដែលស្របទៅនឹង​ខ្លឹមសារក្នុងមេរៀនរបស់សៀវភៅពុម្ព ដែលបោះពុម្ពដោយក្រសួងអប់រំ យុវជន និងកីឡា។

សកម្មភាពរៀនមានច្រើន និងប្លែកគ្នាពីមេរៀនមួយទៅមេរៀនមួយទៀត ឬពីថ្នាក់មួយ ទៅថ្នាក់មួយទៀត។ សកម្មភាពសិក្សា គោលបំណង និងនីតិវិធីនៃការធ្វើសកម្មភាពត្រូវបានពិពណ៌នានៅផ្នែកខាងក្រោមនេះ។ ​សកម្មភាពទាំងនេះត្រូវបានរៀបចំឡើងសម្រាប់កុមារ៖

  • អានពាក្យ
  • សរសេរពាក្យ
  • យល់អត្ថន័យពាក្យ
  • ប្រើប្រាស់ពាក្យ
  • ពង្រឹងបំណិនគិត
     

ក.     អានពាក្យ

សកម្មភាពទី១  ស្ដាប់ និងថាតាម

ពាក្យស្ទើរតែទាំងអស់ពីក្នុងមេរៀននីមួយៗត្រូវបានបញ្ចូលក្នុងផ្នែកនេះ។ សកម្មភាពទី១ តម្រូវឱ្យកុមារចេះអានពាក្យ និងសម្គាល់អត្ថន័យពាក្យដោយការប្រើរូបជាជំនួយ។ នេះគឺជាការពង្រឹងវិជ្ជាសម្បទាផ្នែកភាសាកម្រិតទាបតាមវិជ្ជានុក្រមប៊្លូម ពោលគឺបំណិនចាំ។ កុមារអាចស្ដាប់ពាក្យ និថាតាមឡើងវិញ។ កុមារអាចចុចស្ដាប់ច្រើនដង។ បន្ទាប់មកចុចលើពាក្យ “យល់ព្រម” ដើម្បីស្ដាប់ពាក្យផ្សេងទៀត។


 

សកម្មភាពទី២  ស្វែងរកពាក្យ

សកម្មភាពស្វែងរកពាក្យមានពីរផ្នែក។ ផ្នែកទីមួយតម្រូវឱ្យកុមារប្រើភ្នែកដើម្បីរកពាក្យដូចគ្នា។ នៅជួរខាងលើ កុមារឃើញពាក្យមួយ ឬច្រើន ដែលសរសេរដោយពណ៌ខៀវ។ នៅជួរខាងក្រោម មានពាក្យមួយចំនួនដែលសរសេរក្នុងប្រអប់។ សកម្មភាពនេះនឹងជួយពង្រឹងបំណិនអង្កេត និងប្រៀបធៀប។ កុមារត្រូវបៀបធៀបពាក្យនៅជួរខាងលើជាមួយនឹងពាក្យដទៃទៀតនៅក្នុងប្រអប់ដើម្បីរកពាក្យដូចគ្នា។ កុមារចុចលើពាក្យក្នុងប្រអប់ដែលដូចនឹងពាក្យពណ៌ខៀវនៅជួរខាងលើ។  

សកម្មភាពមួយទៀតតម្រូវឱ្យកុមារប្រើត្រចៀកផង និងភ្នែកផង។ ដំបូងកុមារត្រូវចុចស្ដាប់ពាក្យ។ នៅពេលដំណាលគ្នានេះ កុមារត្រូវអានពាក្យមួយចំនួននៅខាងក្រោមប្រអប់ធំ។ កុមារត្រូវចុចលើពាក្យណា​ដែលមាន​សំឡេងអាន ដូចពាក្យដែលកុមារស្ដាប់ឮ។ ជួនកាល កុមារឮមួយពាក្យ ជួនកាលពីរពាក្យ និងជួនកាលបីពាក្យ។ នៅពេលកុមារឮបីពាក្យ កុមារត្រូវចុចលើពាក្យបីពាក្យដែលដូចគ្នាដាក់ក្នុងប្រអប់។ កុមារអាចស្ដាប់ច្រើនដង ក្នុងករណីចាំបាច់។

សកម្មភាពទី៣  រៀបពាក្យតាមលំដាប់

សកម្មភាពនេះតម្រូវឱ្យកុមារអាន និងរៀបពាក្យឡើងវិញ ដដែលៗច្រើនដង។ ការអានដដែលនឹងជួយកុមារឱ្យរៀនស្រៈ និងព្យញ្ជនៈ ដោយមិនដឹងខ្លួន។ បំណិននេះនឹងជួយឱ្យកុមារប្រើប្រាស់វចនានុក្រម​បានឆាប់រហ័សនៅថ្ងៃក្រោយផងដែរ ។

https://www.sangapac.com/files/page%20picture/5-ordering.png

 

ខ. សរសេរពាក្យ

សកម្មភាពទី១  បង្កើតពាក្យតាមរូប

កុមារអាចចេះអានពាក្យអស់ហើយ បន្ទាប់ពីបានហ្វឹកហាត់សកម្មភាពក្នុងផ្នែករៀនអានពាក្យ។ សកម្មភាពបន្ទាប់ត្រូវបានរៀបចំដើម្បីឱ្យកុមារចេះសរសេរពាក្យ។ នៅក្នុងផ្នែកនេះកុមារត្រូវរៀនហ្វឹកហាត់សរសេរពាក្យដោយការចុចព្យញ្ជនៈ និងស្រៈឱ្យបានត្រឹមត្រូវតាមលំដាប់លំដោយដើម្បីបង្កើតពាក្យឱ្យត្រូវនឹងរូប ឬសំឡេងអានពាក្យ។

 

សកម្មភាពទី២  សរសេរតាមអាន

សកម្មភាពនេះមានពីររបៀប។ របៀបទីមួយតម្រូវឱ្យកុមារស្ដាប់ពាក្យ រួចចុចជ្រើសព្យញ្ជនៈ និងស្រៈរបស់​ពាក្យយកមករៀបឡើងវិញឱ្យត្រូវតាមពាក្យ។ ក្នុងករណីខ្លះ មានស្រៈ ឬព្យញ្ជនៈលើសពីព្យញ្ជនៈ និងស្រៈ​របស់ពាក្យនោះ។ កុមារត្រូវគិតបន្តិចដើម្បីដឹងថា ព្យញ្ជនៈ និងស្រៈណាគួរប្រើ។

របៀបមួយទៀតមានលក្ខណៈស្មុគស្មាញជាងនេះបន្តិច។ កុមារត្រូវរកព្យញ្ជនៈ និងស្រៈដោយខ្លួន ដើម្បីសរសេរពាក្យដែលកុមារស្ដាប់ឮ។ ព្យញ្ជនៈ និងស្រៈទាំងត្រូវបានបង្ហាញនៅខាងក្រោមបន្ទាត់ ដែលកុមារត្រូវសរសេរពាក្យ។ កុមារត្រូវចុចព្យញ្ជនៈ និងស្រៈម្ដងមួយៗ តាមរបៀបដែលកុមារប្រកបពាក្យ។

 

សកម្មភាពទី៣  ប្រាប់ពាក្យសរសេរខុស

ពាក្យបួនត្រូវបានបង្ហាញនៅពេលតែមួយ។ ពាក្យមួយក្នុងចំណោមពាក្យទាំងបួនមានកំហុសអក្ខរាវិរុទ្ធ។ សកម្មភាពនេះតម្រូវឱ្យកុមាររំឭការចងចាំរបស់ខ្លួនអំពីការសរសេរពាក្យ។ កុមារត្រូវប្រៀបធៀបពាក្យទាំងបួនទៅវិញទៅមកដើម្បីដឹងថាពាក្យណាខ្លះសរសេរត្រូវ និងពាក្យណាមួយសរសេរខុស។

លំហាត់នេះក៏តម្រូវឱ្យកុមាររកពាក្យខុសដែរ។ កុមារត្រូវអានល្បះដោយប្រុងប្រយ័ត្ន រួចចុចលើពាក្យណាដែលកុមារគិតថាវាជាពាក្យសរសេរខុស។ បន្ទាប់មក ចុចលើពាក្យ "យល់ព្រម"​ ដើម្បីធ្វើលំហាត់បន្តទៀត។ 

 

គ.        យល់អត្ថន័យពាក្យ

សកម្មភាពមួយចំនួនត្រូវបានរៀបចំដើម្បីឱ្យកុមារពង្រឹងការយល់ដឹងអំពីអត្ថន័យរបស់ពាក្យ មុននឹងពួកគេអាចប្រើប្រាស់ពាក្យបាន។ ជារួម កុមារត្រូវផ្គូផ្គងពាក្យជាមួយនឹងអត្ថន័យរបស់វា ដោយការមើលរូប ឬដោយការអាននិយមន័យ។

 

សកម្មភាពទី១  ផ្គូផ្គងពាក្យជាមួយនឹងរូប

នៅក្នុងផ្នែកនេះ កុមារត្រូវជ្រើសរើសពាក្យមួយពីក្នុងចំណោមពាក្យបី។ រូបខ្លះអាចដូចរូប ដែលកុមារបានឃើញក្នុងសកម្មភាពមុនៗ និងរូបខ្លះជារូបផ្សេង ប៉ុន្តែវាត្រូវការពាក្យដដែលសម្រាប់ពិពណ៌នា។ នៅខាងក្រោមរូប មានពាក្យបី។ លំហាត់នេះតម្រូវឱ្យកុមារចំណាំពាក្យ និងរូបដែលពួកគេបានធ្វើនៅក្នុងសកម្មភាពមុនៗ។ នៅពេលកុមារសម្រេចជ្រើសរើសពាក្យមួយពីក្នុងចំណោមពាក្យទាំងបី កុមារបានពង្រឹងបំណិនគិតកម្រិតខ្ពស់ជាង​សកម្មភាពទីមុនៗ។ កុមារត្រូវយល់ន័យពាក្យ និងន័យរូបដើម្បីធ្វើលំហាត់នេះត្រូវ។ ជួនកាល កុមារត្រូវជ្រើសរើសរូបមួយពីរូបទាំងបី ដែលមានន័យដូចពាក្យវិញ។ 

 

 

សកម្មភាពទី២ ផ្គូផ្គងពាក្យ និងនិយមន័យ

សកម្មភាពនេះតម្រូវឱ្យកុមារអានពាក្យ និងនិយមន័យមួយ។ និយមន័យនេះគឺជានិយមន័យរបស់ពាក្យណាមួយនៃពាក្យទាំងបី ឬបួននោះ។ កុមារត្រូវចុចលើពាក្យដែលត្រូវនឹងនិយមន័យ។

 

លំហាត់នេះតម្រូវឱ្យកុមារអានពាក្យទាំងប្រាំ និងនិយមន័យទាំងប្រាំ។ បន្ទាប់មកកុមារត្រូវជ្រើសពាក្យដាក់ឱ្យត្រូវតាម​និយមន័យនីមួយៗ។

 

សកម្មភាពទី៣ រកវេវចនសព្ទ និងបដិសព្ទ

បន្ទាប់ពីកុមារបានអាន សរសេរពាក្យនីមួយៗរួចហើយ កុមារអាចពង្រឹង និងពង្រីកអត្ថន័យរបស់ពាក្យ​តាមរយៈសកម្មភាពស្វែងរកពាក្យដែលមានន័យដូចគ្នា និងផ្ទុយគ្នាពីបញ្ជីពាក្យ ឬល្បះ។

        

 

ឃ.       ប្រើប្រាស់ពាក្យ

បន្ទាប់ពីកុមារចេះអាន សរសេរ និងយល់អត្ថន័យពាក្យរួចហើយ កុមារអាចប្រើប្រាស់ពាក្យនៅក្នុងបរិបទ។ លំហាត់នេះតម្រូវឱ្យកុមារជ្រើសរើសពាក្យទៅបំពេញក្នុងល្បះ ឬអត្ថបទដើម្បីឱ្យល្បះ និងអត្ថបទមានន័យត្រឹមត្រូវ។

សកម្មភាពទី១  បំពេញល្បះ និងអត្ថបទ

នៅក្នុង​សកម្មភាពនេះ កុមារត្រូវរៀនប្រើពាក្យនៅក្នុងល្បះ។ នៅជួរខាងលើ កុមារឃើញមានល្បះ ឬអត្ថបទ ដែលមានសញ្ញាចុចៗ ...................... ។ សកម្មភាពនេះនឹងពង្រឹងបំណិនគិតកម្រិតខ្ពស់របស់កុមារ។ កុមារត្រូវយល់ន័យពាក្យនីមួយៗឱ្យបានច្បាស់លាស់។ កុមារត្រូវសម្រេចថា បើគេដាក់ពាក្យមួយនេះចូលទៅ តើល្បះនឹងមានន័យយ៉ាងដូចម្ដេច។ កុមារត្រូវដាក់ពាក្យនេះម្ដង ឬពាក្យនោះម្ដង ដើម្បីទទួលបានចម្លើយត្រឹមត្រូវ។

 

សកម្មភាពទី២  រៀបពាក្យបង្កើតល្បះ

សកម្មភាពនេះតម្រូវឱ្យកុមារពង្រឹងការគិតកាន់តែខ្ពស់។ កុមារត្រូវអានពាក្យនីមួយៗដាច់គ្នា​ ហើយគិតថា​ពាក្យទាំងនេះត្រូវផ្សំគ្នាដើម្បីបង្កើតល្បះក្នុងបរិបទអ្វី។ កុមារត្រូវរៀបពាក្យនីមួយៗតាមលំដាប់លំដោយ ដើម្បីឱ្យល្បះត្រូវទាំងខ្លឹមសារ និងវេយ្យាករណ៍។

 

សកម្មភាពទី៣  ឆ្លើយសំណួរ

អត្ថបទអំណានដដែលត្រូវបានរៀបចំឡើងវិញសកម្មភាពឆ្លើយសំណួរ។ សំណួរបួន ឬប្រាំត្រូវបានរៀបចំ ដោយមានពហុចម្លើយ។ កុមារត្រូវអានអត្ថបទ សំណួរ និងពហុចម្លើយ ដោយប្រុងប្រយ័ត្ន។ បន្ទាប់មក កុមារត្រូវជ្រើសរើសចម្លើយមួយ ដែលកុមារគិតថា ត្រឹមត្រូវសម្រាប់ឆ្លើយសំណួរ ដោយផ្អែកលើអត្ថបទអំណាន។

 

 

ង.        ពង្រឹងបំណិនគិត

បំណិនគិតគឺជាបំណិនទន់ដែលកុមារត្រូវអភិវឌ្ឍតាមរយៈការរៀនអក្សរ និងលេខ។ សកម្មភាពភាគច្រើននៅក្នុងគេហទំព័រសង្កប្ប ត្រូវបានរៀបចំដើម្បីផ្ដល់ឱកាសឱ្យកុមាររៀនអក្សរផង និងពង្រឹងការគិតផង។ ក្រៅអំពីសកម្មភាពរៀនអាន សរសេរ និងយល់ពាក្យ យើងបង្កើតសកម្មភាពមួយចំនួនទៀត ដែលកុមារត្រូវគិតដើម្បីឆ្លើយសំណួរឱ្យបានត្រឹមត្រូវ។ គិតអំពីន័យពាក្យ អំពីន័យល្បះ និងន័យអត្ថបទ។ កុមារត្រូវប្រើចំណេះដឹងពាក្យ បរិបទ និងវេយ្យាករណ៍ ដើម្បីធ្វើលំហាត់នេះបានត្រឹមត្រូវ។

សកម្មភាពទី១  ន័យពាក្យក្នុងបរិបទ

សកម្មភាពនេះតម្រូវឱ្យកុមារអានល្បះបី។ ល្បះពីរជាល្បះមិនត្រឹមត្រូវដោយសារមានកំហុសអក្ខរាវិរុទ្ធ ឬមានពាក្យខុសបរិបទ។ កុមារត្រូវអានពាក្យនីមួយៗក្នុងល្បះទាំងបីដោយយកចិត្តទុកដាក់ ដើម្បីរក​កំហុស​របស់ពាក្យក្នុងល្បះ ដែលធ្វើឱ្យល្បះមានន័យមិនត្រឹមត្រូវ។

 

 

សកម្មភាពទី២ រកពាក្យខុសគេ

សកម្មភាពនេះគឺជាសកម្មភាពពង្រឹងបំណិនគិតកម្រិតខ្ពស់បំផុតនៅក្នុងមេរៀននីមួយៗ។ យើងបានរៀបចំ​សម្រាប់កុមាររំឭកពាក្យក្នុងមេរៀនផង និងពង្រឹងការគិតផង។ ពាក្យ ៤ ត្រូវបង្ហាញក្នុងពេលតែមួយ។ ពាក្យបីមានលក្ខណៈរួម និងពាក្យមួយមានលក្ខណៈដោយឡែកពីគេ។ ដោយសារវាជាលំហាត់ពង្រឹងការគិត ដោយការផ្ដល់ហេតុផល យើងព្យាយាមធ្វើឱ្យវាមានពហុជម្រើស។ ក្នុងករណីខ្លះ កុមារពីរនាក់អាច​មានចម្លើយដូចគ្នា ប៉ុន្តែ ពួកគេផ្ដល់ហេតុផលចំពោះចម្លើយខុសគ្នា។ ក្នុងករណីខ្លះ កុមារពីរនាក់មានចម្លើយខុសគ្នា ប៉ុន្តែមានហេតុផលប្រហាក់ប្រហែលគ្នា។ ពាក្យទាំងបី ដែលមានលក្ខណៈរួមគ្នា វាអាចរួមគ្នា ដោយអត្ថន័យ ដោយសំណេរ ដោយអំណាន ដោយវេយ្យាករណ៍ ។ល។

   

សុខ ចាត់ទុកពាក្យ “កោរ” ខុសគេ ដោយពន្យល់ថា វាមាន “រ” ចំណែកឯពាក្យបីទៀតពុំមាន “រ” នោះទេ។

   

សៅ ចាត់ទុកពាក្យ “កោរ” ខុសគេ ដោយពន្យល់ថា “កោរ” គឺជា​សកម្មភាព ចំណែកឯពាក្យបីទៀតជាវត្ថុ ដែលគេអាចកាន់បាន។

 

https://www.sangapac.com/files/page%20picture/9-sa.png

សកម្មភាពទី៣ ប្រាប់កំហុសក្នុងល្បះ

ល្បះខុសមួយត្រូវបានបង្ហាញ។ កុមារត្រូវអានល្បះដោយយកចិត្តទុកដាក់ដើម្បីរកកំហុសក្នុងល្បះនេះ។ ជាញឹកញាប់ល្បះមានកំហុស ដោយសារវាមានន័យមិនពេញលេញដោយខ្វះប្រធាន កម្មបទ ឬកិរិយាសព្ទ។ ជួនកាលទៀត វាមានពាក្យសរសេរខុស ឬមានពាក្យប្រើខុសបរិបទ។ កុមារត្រូវចុចជ្រើសចម្លើយណា​មួយដែលខ្លួនគិតថា វាជាកំហុសនៅក្នុងល្បះ។

 

 

ភាសាអង់គ្លេស

យើងប្រើសៀវភៅភាសាអង់គ្លេសរបស់ក្រសួងអប់រំ យុវជន និងកីឡាជាគោលដើម្បីរៀបចំសកម្មភាពសិក្សា និងការវាយតម្លៃភាសាអង់គ្លេស ដូចសកម្មភាពរៀនភាសាខ្មែរថ្នាក់ទី១ ដល់ទី៣ ផងដែរ។ ក្រៅពីនេះ​ យើងបានរៀបចំអំណាន និងវេយ្យាករណ៍ជាច្រើនទៀតសម្រាប់ជាជំនួយដល់ការរៀន និងបង្រៀនភាសាអង់គ្លេសទូទៅ។

 

 

II.     វិភាគ

រាល់សកម្មភាពដែលកុមារធ្វើទាំងអស់ត្រូវបានកត់ត្រាជាស្វ័យប្រវត្តិ។ កំណត់ត្រាទាំងនេះត្រូវបានបែងចែក​ទៅតាមកាលបរិច្ឆេទ មុខវិជ្ជា មេរៀន រយៈពេល និងប្រភេទសកម្មភាព។ ផ្នែកនេះក៏បង្ហាញថាតើសកម្មភាពសិក្សាមួយណា ដែលកុមារធ្វើបានត្រឹមត្រូវ និងសកម្មភាពមួយណាដែលកុមារធ្វើខុស។ គ្រូ ឬអាណាព្យាបាលអាចកំណត់លំហាត់ក្នុងផ្នែកនេះដើម្បីឱ្យកុមារហ្វឹកហាត់ឡើងវិញ។ 

 

 

 

III. វាយតម្លៃ

បន្ទាប់ពីកុមារធ្វើគ្រប់សកម្មភាពទាំងអស់នៅក្នុងមេរៀននីមួយៗរួចហើយ ពួកគេអាចធ្វើតេស្តមេរៀនោះដោយខ្លួនឯង។ ពាក្យស្ទើរតែទាំងអស់នៅក្នុងមេរៀននីមួយៗត្រូវបានរៀបចំឡើងវិញជាទម្រង់តេស្ត សម្រាប់វាយតម្លៃលទ្ធផលសិក្សារបស់កុមារ។ វិញ្ញាសាវាយតម្លៃនីមួយៗមានច្រើនសំណួរ។ ដូច្នេះ ពេលកុមារធ្វើតេស្តម្ដងៗ កុមារនឹងសម្គាល់ឃើញថា សំណួរក្នុងវិញ្ញាសានីមួយៗមិនដូចគ្នាទាំងស្រុងនោះទេ។ កុមារអាចធ្វើតេស្ដច្រើនដង ដើម្បីធ្វើឱ្យពួកគេអាចចេះអាន សរសេរ និងប្រើប្រាស់បានកាន់តែត្រឹមត្រូវ។ កុមារអាចពិនិត្យវិញ្ញាសាវាយតម្លៃនីមួយៗឡើងវិញដើម្បីដឹងថាសំណួរណាខុស និងសំណួរណាត្រូវ។ កុមារអាចធ្វើតេស្តច្រើនដងសម្រាប់មេរៀននីមួយៗ ឬការប្រឡងប្រចាំខែ និងឆមាស​ រហូតទាល់តែបានពិន្ទុដែលស្មើ ឬលើស្ដង់ដាដែលគ្រូ ឬអាណាព្យាបាលបានកំណត់។

សំណួរក្នុងវិញ្ញាសាវាយតម្លៃនីមួយៗត្រូវបានរៀបចំឡើងតាមវិជ្ជានុក្រមប៊្លូមដើម្បីវាស់ចំណេះដឹងពាក្យរបស់កុមារទាំងក្នុងការសរសេរ និងការប្រើប្រាស់ ដើម្បីពង្រឹងចំណេះដឹងភាសា និងសង្កប្បកោសល្យ។

 

 

 

 

សូមប្អូនៗកុមារសប្បាយរីករាយនឹងការរៀនភាសាតាមបែបទំនើបគ្រប់ពេលវេលា និងគ្រប់ទីកន្លែង!

 

យើងខ្ញុំសូមអភ័យទោសទុកជាមុន ចំពោះកំហុសឆ្គងអចេតនា និងអរគុណចំពោះការចូលរួមកែតម្រូវដើម្បីធ្វើឱ្យសកម្មភាពសិក្សាកាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកសិក្សា។