បណ្ឌិត ឈិញ ស៊ីថា - ស្ថាបនិកក្រុមហ៊ុន និង បណ្ណាធិការ
បណ្ឌិត ឈិញ ស៊ីថា បានបញ្ចប់ការសិក្សាបរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ជំនាញចិត្តគរុកោសល្យនៅឆ្នាំ១៩៩៣ និងជំនាញបង្រៀនភាសាអង់គ្លេស នៅឆ្នាំ១៩៩៦។ លោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតលើជំនាញអភិវឌ្ឍន៍អប់រំ ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ នៅសាកលវិទ្យាល័យហ៉ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។ ក្រោយបញ្ចប់ការសិក្សា បណ្ឌិត ឈិញ ស៊ីថា ធ្វើជាសាស្ត្រាចារ្យនៅវិទ្យាស្ថានភាសាបរទេស និងមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រហូតដល់ឆ្នាំ២០១៦។ បណ្ឌិត ឈិញ ស៊ីថា ដឹកនាំនិស្សិតសរសេរនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតលើមុខវិជ្ជាឯកទេសអប់រំ។ បណ្ឌិត ឈិញ ស៊ីថា និងសហការីបានផ្ដល់សេវាបណ្ដុះបណ្ដាលវិធីសាស្ត្រស្រាវជ្រាវ ដល់សាស្ត្រាចារ្យ នៅគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនផងដែរ។ បណ្ឌិត ឈិញ ស៊ីថា ផ្ដល់សេវាប្រឹក្សាយោបល់ និងសេវាស្រាវជ្រាវឱ្យគ្រឹះស្ថានសិក្សា និងអង្គការជាតិ និងអន្តរជាតិ ដូចជា អង្គការ UNESCO, UNICEF, WORLD BANK, ADB, JICA និងក្រសួងអប់រំ យុវជន និងកីឡាលើប្រធានបទនៃការរៀបចំកម្មវិធីសិក្សា ការបង្រៀន និងការវាយតម្លៃលទ្ធផលសិក្សា។ បណ្ឌិត ឈិញ ស៊ីថា បានបោះពុម្ពអត្ថបទស្រាវជ្រាវក្នុងកាលិកបត្រ បណ្ណាធិការបណ្ណ របាយការណ៍ស្រាវជ្រាវជាង៣០អត្ថបទ និងសរសេរសៀវភៅជាភាសាខ្មែរបីចំណងជើង រួមបញ្ចូលទាំងសៀវភៅវិធីសាស្ត្រស្រាវជ្រាវសម្រាប់និស្សិត។
លោក ថុន ពិសិដ្ឋ - ស្ថាបនិកក្រុមហ៊ុន និង ប្រធានផ្នែកគ្រប់គ្រងទូទៅ
លោក ថុន ពិសិដ្ឋ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ ឯកទេសគណិតវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ 2011 បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណិតវិទ្យា និងផ្នែកអប់រំ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ 2015។ លោក ថុន ពិសិដ្ឋ ជាអ្នអ្នកស្រាវជ្រាវ និងជាប្រធានផ្នែកផលិតសៀវភៅ “សង្កប្បថ្នាក់គណិតវិទ្យា” សម្រាប់សិស្សបឋមសិក្សាពង្រឹងចំណេះដឹងគណិតវិទ្យា និងបំណិនត្រិះរិះពិចារណា។
លោក ខូយ ប៊ុនឡូត - ស្ថាបនិកក្រុមហ៊ុន និង ប្រធានផ្នែកផលិត
លោក ខូយ ប៊ុនឡូត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញភាសាអង់គ្លេសពីសាកលវិទ្យាល័យធនធានមនុស្សនៅឆ្នាំ 2011 និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ 2016។ លោក ខូយ ប៊ុនឡូត ជាអ្នកស្រាវជ្រាវ និង ជាប្រធានផ្នែកផលិតសៀវភៅ “សង្កប្បថ្នាក់ភាសា ” សម្រាប់សិស្សបឋមសិក្សាពង្រឹងចំណេះដឹងភាសានិងបំណិនត្រិះរិះពិចារណា។